ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រសា្ន។ លុះកន្លងទៅ ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថា ព្រឹកនេះ នឹងត្រូវស្លាប់ ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ ដូច្នេះ គួររតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង។
គិតហើយទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដែលដើមត្មោតនោះ មានសត្វឥន្រ្ទីញី ឈ្មោលធ្វើសំបុកអាស្រ័យនៅ។ វេលាយប់ ឥន្រ្ទីញ សួរឥន្រ្ទីឈ្មោលថា ព្រឹកនេះ យើងបានអាហារពីណាស៊ី? ឥន្រ្ទីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្ម សំលាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រ្ទីញីសួរថា ប្រស្នានោះដូចម្តេច? ឥន្រ្ទីឈ្មោលឆ្លើយថា វេលាព្រឹក សិរីសួរស្តីនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនោះ ទើបមនុស្សទាំងឡាយ ត្រូវយកទឹកលប់មុខ។ ខ ១ទៀតថា ថ្ងៃត្រង់សេរីសួរស្តីនៅត្រង់ណា? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្ស ទាំងឡាយ ត្រូវយកទឹកលាងទ្រូង។ ខ ១ទៀត វេលាល្ងាចសិរីស្ថិតនៅទីណា? ត្រូវឆ្លើយថា នៅជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រលប់ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហាព្រហ្មក៏មកប្រស្នា ធម្មបាលកុមារឆ្លើយដោះស្រាយដែលបានលឺមក។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជាបាទបរិចាវិកាព្រះឥន្ទ្រមកប្រាប់ថា ឥឡូវបិតា ត្រូវកាត់កប្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះ ទាំងលោកធាតុ បើបោះទៅលើអាកាស ភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រ ទឹកក៏រីងស្ងួត ហួតអស់ ដូច្នេះ សូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល។ និយាយចប់ក៏កាត់ក្បាលហុចទៅឲ្យនាង ទុង្សាជាកូនច្បង ដាក់លើពាន ហើយហែប្រទក្សិណភ្នំព្រះ សុមេរុ ៦០នាទី រួចប្រតិស្ឋានទុកក្នុងមណ្ឌល នៃគុហាគន្ធមាលីភ្នំ កៃលាស បូជាគ្រឿងទិព្វផ្សេងៗ ។ ព្រះសិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វដោយកែវ ៧ប្រការឈ្មោះថា “ភគវតីសភា” ឲ្យជាំទីប្រជុំនៃទេវតា លុះដល់គម្រប់ ១ឆ្នាំ ជាសង្រ្កាន នាងទេពធីតាទាំង ៧ ក៏ផ្លាស់វេណគ្នា មកអញ្ជើញក្បាលកបិលមហាព្រហ្មចេញមកហែប្រទក្សិណភ្នំព្រះសុមេរុរាល់ៗឆ្នាំ ហើយត្រឡប់ទៅស្ថានទេវលោកវិញ។
ឈ្មោះទេពធីតាមហាសង្រ្កាន និងគ្រឿងអភរណៈ ទំនាយតាមតម្រាដូខតទៅនេះ៖
១. បើសង្ក្រានជាថ្ងៃអាទិត្យ ទេពធីតា ឈ្មោះនាង ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាគ ភក្សាហារផ្លែអុទុម្ពរ អាវុធ ស្តាំកងច័ក្រ ឆ្វេងសង្ខពាហនៈគ្រុឌ។
២. បើថ្ងៃច័ន្ទ ទេពធីតា ឈ្មោះនាង គោរាគទេវី សៀតផ្កា អង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធ ស្តាំ ព្រះខ័នឈើច្រត់ពាហនខ្លា។
៣. បើថ្ងៃអង្គារ ទេពធីតាឈ្មោះនាង គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេង ធ្នូ ពាហ អស្សតរ។
៤. បើថ្ងៃពុធ ទេពធីតាឈ្មោះនាង មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុលឆ្វេង ឈើច្រត់ ពហាន លា។
៥. បើថ្ងៃព្រហស្បតិ៍ ទេព ធីតាឈ្មោះនាង កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំ កង្វេរឆ្វេងកាំភ្លើង ពាហន ដំរី។
៦. បើថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័នឆ្វេងពិណ ពាហន ក្របី។
៧. បើថ្ងៃសៅរិ៍ ទេពធីតាឈ្មោះ មហោទេវី សៀតផ្កាត្រចៀកក គ្រឿងប្រដាប់នីលវ័តន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈ ក្ងោក។
ចំពោះទំនៀមពិធីចូលឆ្នាំ ប្រព្រឹត្តិទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូង ជាថ្ងៃមហាសង្រ្កាន ថ្ងៃទីទី២ ជាថ្ងៃ វណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្រ្ត បែបបុរាណ គឺក្បួនមហាសង្រ្កាននេះឯង។
តើថ្ងៃចូលឆ្នាំខ្មែរយើងត្រូវលើខែណា?ថ្ងៃណា? ចាប់ពីត្រឹមសម័យក្រុងនគរភ្នំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន័្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកត្តិក ជាខែទី ១២។ លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំ ក្នុងខែចែត្រ (ខែទី ៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗម្តង មានភ្លាត់ម្តងៗ ចូលឆ្នាំ ក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ។
មហាសង្រ្កាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិ មានឈ្មោះថា “សាមញ្ញសង្រ្កាន្ត” (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្រ្កាន្ត) ។ មហាសង្រ្កាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា “អាយន្តសង្រ្កាន្ត” (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ)។
គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀតទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំ ក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង ១ ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើតខែពិសាខទេ ។ ដូចនេះ សង្រ្កាន្ត ខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។
ចំពោះពិធីផ្សេងៗ ខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក កាត់សម្លៀកបំពាក់ ថ្មីៗជាដើម។
ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សម្រាប់ទទួលទេវតាថ្មីមាន បាយសីមួយគូ ស្លាធម៌១គូ ធូប ៥ ទៀន ៥ ទឹកអប់ ១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែង រំលេចដោយអំពូលអគ្គិសនី ខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀនធូប បាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការពីទេព្តាថ្មី។
ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្ងាយទេព្តានោះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ ឯពិធីទាំង ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ៖
- ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយ នៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។
- ថ្ងៃទី ២៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នក្រក្រីទៀតផង។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចបូចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬប្អូន ដែលបានស្លាប់ទៅ។
- ថ្ងៃទី ៣៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ ក្រុមគ្រួសារនិមួយៗ នាំគ្នា ងូតទឹកឲ្យឪពុកម្តាយយាយតា ចាស់ៗ ដែលជាព្រះកន្លោងយើងនោះឯង។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តសប្បាយជាច្រើន ដូចជាលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ត បន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។